ទិញទំនិញអនឡាញបែបណា មិនត្រូវគេបោកប្រាស់ ?
ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០១៦ ម៉ោង ១២:១៥ (02-12-2016 12:15)
ក្នុងរយៈពេលជិត១០ឆ្នាំកន្លងមកនេះ គេសង្កេតឃើញថា
ការទិញលក់ទំនិញតាមអនឡាញបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង
ព្រោះវាងាយស្រួល គ្រាន់តែយកម្រាមដៃចុច
មិនចាំបាច់ខាតពេលវេលាដើររកទំនិញនៅខាងក្រៅ
និងអាចសន្សំសំចៃថ្លៃធ្វើដំណើរ ។ ប៉ុន្តែអ្វីដែលមានចំណុចល្អ
ក៏មានចំណុចមិនល្អដូចគ្នាដែរ ព្រោះថា
មានអ្នកយល់ខុសមួយចំនួនច្រើនប្រើវិធីនេះបោកប្រាស់អ្នកទិញឱ្យបង់ថ្លៃទំនិញ
ប៉ុន្តែមិនបញ្ជូនទំនិញឱ្យ ឬទទួលទំនិញដែលមិនបានកុម្មង់
ដែលធ្វើឱ្យអតិថិជនត្រូវខាតបង់ទាំងប្រាក់ និងខូចអារម្មណ៍ ។ដើម្បីមិនឱ្យអ្នកក្លាយជានុយរបស់អ្នកមានបំណងអាក្រក់ទាំងនោះ យើងបានរួបរួមវិធីខ្លះៗក្នុងការទិញទំនិញអនឡាញ និងប្រើសេវាកម្មអនឡាញយ៉ាងសប្បាយចិត្ត ហើយមិនត្រូវគេបោកប្រាស់ ។
១-សិក្សាព័ត៌មានទំនិញ ៖
ពិនិត្យឡើងវិញនូវតម្លៃមធ្យម និងមើលរូបភាពទំនិញពិតប្រាកដយ៉ាងលម្អិតថា ជាអ្វីដែលយើងត្រូវការពិតប្រាកដសម្រាប់ពេលទៅរកក្នុងហាង គឺនឹងបានប្រៀបធៀបរូបក្នុងហាងនោះថា ដូចគ្នាឬទេ ។ បើសិនជាហាងដែលយើងកំពុងចាប់អារម្មណ៍មិនបានថតរូបទំនិញនោះ អ្នកអាចសាកសួរទៅហាងពីលក្ខណៈកញ្ចប់ ពណ៌ ដើម្បីចាប់ចំណុចខុស ហើយបើហាងនោះឆ្លើយតបបែបគេចៗ ឬមិនចង់ឆ្លើយតបនោះ គួរទៅរកហាងផ្សេងវិញ ។
២-កុំចិត្តក្តៅ ៖
ហាងណាដែលលក់ទំនិញក្នុងតម្លៃថោក កុំប្រញាប់រំភើបថា នឹងបានទិញរបស់ថោក។ អ្នកត្រូវមើលការពន្យល់របស់ហាងជាមុនថា ហេតុអ្វីបានជាទំនិញប្រភេទនេះអាចលក់ថោកដល់ថ្នាក់នេះ ដូចជា ជាហាងលក់ដុំ ឬនាំចូលមកចំនួនច្រើនជាដើម ។ ប៉ុន្តែអ្នកត្រូវសង្ស័យថា អាចនឹងយកសម្ភារមិនសុទ្ធ ឬបន្លំមកលក់ ទំនិញជិតផុតកំណត់ ឬទ្រុឌទ្រោម ។ អ្នកអាចសួរទៅកាន់ហាង បើសិនជាអ្នកលក់នោះចៀសវាងមិនឆ្លើយតប ចូរកុំប្រថុយ ។
៣-វែបសាយ Update ជាប្រចាំ ៖
ប្រសិនជាវែបសាយដែលអ្នកកំពុងមើលនោះ Update ជាប្រចាំ ដូចជា មានការផ្សព្វផ្សាយអំពីផលិតផលថ្មីៗ ឬផ្លាស់ប្តូរការផ្សព្វផ្សាយថ្មីបំផុត គឺបង្ហាញឱ្យឃើញថា ម្ចាស់ហាងបានប្រើប្រាស់វែបសាយរហូត ដែលធ្វើឱ្យយើងមានទំនុកចិត្តច្រើន ។
៤-ចូលមើលវែបសាយ ៖
សាកល្បងមើលក្នុងវែបសាយរបស់ហាងថា អតិថិជនដទៃទៀតមានបញ្ហាឬទេ ដូចជា ហាងខ្លះបញ្ជូនទំនិញយឺតយ៉ាវ ហើយម្ចាស់ហាងបានឆ្លើយតបរហ័សឬទេ និងតបដូចម្តេច ។ រីឯវែបសាយណាដែលមានមនុស្សចូលមើលច្រើន បែបនេះក៏កុំអាលប្រញាប់ពេកដែរ ព្រោះអាចជាមនុស្សដែលម្ចាស់ហាងឱ្យមកផូស ឬម្ចាស់ហាងផូសដោយខ្លួនឯង។
៥-ការបង្ហាញហាង និងអ្នកលក់ ៖
មើលក្នុង «ទាក់ទងមកយើង» ឬ «Contact Us» ក្នុងវែបសាយលក់ទំនិញ ដើម្បីដឹងនូវព័ត៌មានពីហាងឱ្យបានច្រើនបំផុត ។ បើសិនជាហាងនោះមានទាំងរូបភាពអ្នកលក់ ឈ្មោះពិតនៃផ្នែកលក់ អុីម៉ែល Line លេខទូរស័ព្ទអាចទាក់ទងបាន អាសយដ្ឋានពិតប្រាកដ ឬឈ្មោះនិងលេខបញ្ជីផ្ទេរប្រាក់ នឹងកាន់តែល្អ ។ បន្ទាប់មកយកព័ត៌មានទាំងនេះទៅស្វែងរកក្នុង Google ដើម្បីមើលថា មានពិតប្រាកដឬអត់ ។
៦-ពិនិត្យរយៈពេលបង្កើតវែបសាយ ៖
អាចពិនិត្យពីប្រវត្តិវែបសាយ ហើយកុំភ្លេចពិនិត្យមើលពីអតិថិជនដើម្បីដឹងថា តើអតិថិជននិយាយអំពីហាងនេះយ៉ាងណាខ្លះ ហើយការទិញលក់ សេវាកម្ម ការបញ្ជូនទំនិញមានបញ្ហាឬអត់។ ទោះជាយ៉ាងណា ក៏វាអាចជួយក្នុងការសម្រេចចិត្តថា ហាងនេះគួរឱ្យជឿជាក់កម្រិតណា ។
៧-មានលក្ខខណ្ឌ និងគោលការណ៍ប្រើសេវាកម្មច្បាស់លាស់ ៖
ដូចជា គោលការណ៍ប្តូរទំនិញ គោលការណ៍សងប្រាក់វិញ គោលការណ៍ចាត់ចែងក្នុងករណីទំនិញទ្រុឌទ្រោមក្នុងអំឡុងពេលធ្វើការបញ្ជូន... ទាំងនេះបង្ហាញដល់ភាពច្បាស់លាស់ក្នុងការប្រកបមុខជំនួញ និងសេវាកម្មជាមួយអតិថិជន ។
៨-ព្យាយាមទិញទំនិញពីហាងដែលមានការដឹកជញ្ជូន ៖
ប្រសិនបើអ្នកផ្ទេរប្រាក់ហើយ ខាងហាងនឹងបញ្ជូនទំនិញមកឱ្យភ្លាមៗ វាល្អជាងហាងដែលទទួលការបញ្ជាទិញជាមុន (pre-order) ហើយអ្នកត្រូវរង់ចាំជាច្រើនថ្ងៃ ទើបហាងនោះបញ្ជូនទំនិញមក គឺអាចប្រថុយនឹងត្រូវគេបោក ។
៩-កុំទិញសម្ភារមានតម្លៃថ្លៃតាមអនឡាញ ៖
ដូចជា ស្មាតហ្វូន និងម៉ាស៊ីនថតរូប ដែលសម្ភារទាំងនេះ គួរតែទៅទិញតាមហាងផ្ទាល់វិញប្រសើរជាង ព្រោះអ្នកនឹងអាចសាកល្បងសម្ភារទាំងនេះជាមុនបាន ។ បើអ្នកទិញវាតាមអនឡាញ គឺអាចមិនសមជាមួយនឹងចំនួនប្រាក់ ។
១០-សាកសួរពីមិត្តភក្តិ ៖
អាចសាកសួរមិត្តភក្តិថា ធ្លាប់ទិញទំនិញពីវែបសាយដែលអ្នកកំពុងតែចាប់អារម្មណ៍នោះឬទេ ហើយបើអ្នកចង់បានទំនិញប្រភេទនេះ គួរទិញពីវែបសាយណាល្អ តម្លៃបែបណា សេវាកម្មល្អទេ ជាដើម ។
១១-កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនដាច់ខាត ៖
បើសិនជាកន្លែងលក់ណាសុំព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជា លេខអត្តសញ្ញាណប័ណ្ណ ឬលេខកាតឥណទាន កុំឱ្យដាច់ខាត ព្រោះរឿងទាំងនេះមិនពាក់ព័ន្ធនឹងការទិញលក់ឡើយ ។
១២-ប្រមូលទុកនូវភស្តុតាងការទិញលក់ ៖
ត្រូវប្រមូលរាល់ភស្តុតាងគ្រប់វិធីដូចជា អត្តសញ្ញាណប័ណ្ណ គណនី និងការផ្ទេរប្រាក់ ដើម្បីទុកប្រើក្នុងករណីអ្នកលក់បោកប្រាស់ ។ វិធីការពារដែលល្អ គឺការសុំរក្សាទុកនូវភស្តុតាងទាំងឡាយនៅពេលមានបញ្ហា អ្នកនឹងអាចប្តឹងបាន ។
ការទិញលក់ទំនិញតាមអនឡាញ ទោះបីជាមានភាពងាយស្រួល ប៉ុន្តែក៏ពោរពេញទៅដោយភាពប្រថុយប្រថាន ព្រោះយើងមិនដឹងថា អ្នកលក់ជាអ្នកណា ហើយទំនិញពិតប្រាកដដូចម្តេច ។ ប៉ុន្តែទោះជាណា បើសិនជាបានប្រុងប្រយ័ត្ន និងប្រើពេលវេលាក្នុងការពិនិត្យមើលហាងទំនិញ តាមការណែនាំមុននឹងសម្រេចចិត្តទិញនោះ អ្នកពិតជាអាចចៀសផុតពីបញ្ហាទាំងនេះបាន ៕
ទិញទំនិញអនឡាញបែបណា មិនត្រូវគេបោកប្រាស់ ?
Reviewed by Unknown
on
11:32 PM
Rating:
No comments